ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនដ៏ល្បីល្បាញ និងធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំងទ្បាយ និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែងចាយម៉ូតូក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនអិន ស៊ី អិច ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩២ ដោយគ្រាន់តែធ្វើការនាំចូលផលិតផលសម្រេចម៉ាកហុងដាមកលក់នៅលើទីផ្សារតែប៉ុណ្ណោះ។
ដោយទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង និងឆាប់រហ័សពីសំណាក់អតិថិជន ក្រុមហ៊ុនបានបង្កើតខ្សែសង្វាក់ផលិតកម្មខ្នាតតូចដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៩ដែលមានទីតាំងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ ដោយបានដំឡើងម៉ូតូក្នុងទម្រង់ IKD ហើយនៅក្នុងឆ្នាំ២០០៤ ក្រុមហ៊ុនបានបន្តពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនដោយបានបង្កើតជាខ្សែសង្វាក់ផលិតកម្មខ្នាតធំថ្មី មានទីតាំងនៅតាមបណ្តោយមហាវិថីវេងស្រេងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន អិន ស៊ី អិច មិនត្រឹមតែមានខ្សែសង្វាក់ផលិតកម្មសម្រាប់ដំឡើងម៉ូតូនោះទេ ប៉ុណ្ណោះថែមទាំងមានខ្សែសង្វាក់ផលិតកម្មសម្រាប់ផលិតគ្រឿងបំណែកមួយចំនួនរបស់ម៉ូតូក្នុងទម្រង់ IKD1.5 ផងដែរ ធ្វើឱ្យក្រុមហ៊ុនអាចបង្កើតការងារ យ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជា ជាក់ស្តែងបច្ចុប្បន្ន ក្រុមហ៊ុន អិន ស៊ី អិច បាននឹងកំពុងប្រើប្រាស់កំលាំងពលកម្មជាង ១៣០០ នាក់។
សព្វថ្ងៃនេះក្រុមហ៊ុន អិន ស៊ី អិច បានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ និងធំបំផុតមួយក្នុង ចំណោមក្រុមហ៊ុនដែលជោគជ័យ និងធំៗទាំងទ្បាយនៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែងចាយម៉ូតូ ដោយមានសាខាធំៗ និងអនុសាខារាប់រយនៅទូទាំងប្រទេសសម្រាប់ចែកចាយផលិតរបស់ខ្លួន។ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនតែងតែបង្កើត និងនាំមកនូវផលិតផលម៉ាកហុងដារាប់សិបប្រភេទរួមមានដូចជា Honda DREAM, Honda WAVE100, Honda BeAT, Honda ZOOMER-X, Honda SCOOPY, Honda CLICK125i, Honda CLICK160, Honda PCX160, Honda ADV150, Honda MSX125SF, Honda CB150R & CBR150R ។